ទុតិយកុលបុត្តសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ កុលបុត្រទាំងឡាយឯណានីមួយ ក្នុង កាលជាអតីត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ បានត្រាស់ដឹងតាម សេចក្តីពិតហើយ កុលបុត្រទាំងអស់នោះ បានត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រឯណានីមួយ ក្នុងកាលជាអនាគត នឹងចេញចាកផ្ទះចូលកាន់ផ្នួសដោយប្រពៃ នឹងត្រាស់ដឹង តាមសេចក្តីពិត ពួកកុលបុត្រទាំងអស់នោះ នឹងត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រឯណានីមួយ ក្នុងកាលឥឡូវនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ រមែងត្រាស់ដឹង តាមសេចក្តីពិត ពួកកុលបុត្រទាំងអស់នោះ រមែងត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ អរិយសច្ចទាំង ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រឯណានីមួយ ក្នុងកាលជាអតីត បានចេញចាកផ្ទះចូលកាន់ផ្នួសដោយប្រពៃ បានត្រាស់ដឹង ហើយ នឹងត្រាស់ដឹង រមែងត្រាស់ដឹងតាមសេចក្តីពិត ពួកកុលបុត្រទាំងអស់ នោះ រមែងត្រាស់ដឹងនូវអរិយសច្ចទាំង ៤ នេះឯង តាមសេចក្តីពិត ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាម ថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរ ទៅកាន់ទីរម្លត់ទុក្ខ ។ ៨