វិតក្កសូត្រ ទី ៧
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំត្រិះរិះនូវវិតក្ក ជា អកុសលដ៏លាមក ។ វិតក្ក គឺអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា វិតក្កទាំងនុ៎ះ មិនមែនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីរម្លត់ទុក្ខ មិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយត្រិះរិះ គួរត្រិះរិះថា នេះជាទុក្ខ គួរ ត្រិះរិះថា នេះជាហេតុជាទីកើតឡើងនៃទុក្ខ គួរត្រិះរិះថា នេះជាទីរម្លត់ទុក្ខ គួរ ត្រិះរិះថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ដំណើរនោះ ព្រោះ ហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវិតក្កទាំងនុ៎ះ ប្រកបដោយប្រយោជន៍ វិតក្កទាំងនុ៎ះជាអាទិព្រហ្មចរិយធម៌ វិតក្កទាំងន៎ុះ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់ទុក្ខ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ នោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរ ធ្វើសេចក្តីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។