ចិន្តសូត្រ ទី ៨
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំនឹកដោយចិត្ត ជា អកុសលដ៏លាមកថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមាន ទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃសរីរៈដទៃដូច្នេះក្តី សត្វស្លាប់ទៅកើតទៀតក្តី សត្វស្លាប់ទៅមិនកើត ទៀតក្តី សត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះក្តី សត្វ ស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គំនិតនុ៎ះ មិនមែនប្រកបដោយ ប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បី នឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បី រម្លត់ទុក្ខ មិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់ មិន ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយគិត គួរគិតថា នេះជាទុក្ខ គួរគិតថា នេះជាហេតុជាទី កើតឡើងនៃទុក្ខ គួរគិតថា នេះជាទីរម្លត់ទុក្ខ គួរគិតថា នេះជាបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គំនិតនុ៎ះប្រកបដោយប្រយោជន៍ គំនិតនុ៎ះ ជាអាទិព្រហ្មចរិយធម៌ គំនិតនុ៎ះ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី និព្វាន ។