វិគ្គាហិកកថាសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 736

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យប្រកាន់ ផ្សេងគ្នាថា លោកមិនចេះធម្មវិន័យនេះទេ ខ្ញុំទើបចេះធម្មវិន័យនេះ លោកនឹង ចេះនូវធម្មវិន័យនេះ ដូចម្តេចបាន លោកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នក ប្រតិបត្តិត្រូវ ពាក្យដែលគេត្រូវនិយាយមុន លោកត្រឡប់ជានិយាយក្រោយ វិញ ពាក្យដែលត្រូវនិយាយក្រោយ លោកត្រឡប់ជានិយាយមុនវិញ ពាក្យ របស់ខ្ញុំប្រកបដោយប្រយោជន៍ ពាក្យរបស់លោកមិនប្រកបដោយប្រយោជន៍ ទេ ពាក្យផ្ទុយលោកប្រព្រឹត្តមកយូរហើយ សម្តីរបស់លោកខ្ញុំបានលើកចោល ហើយ លោកជាមនុស្សត្រូវខ្ញុំសង្កត់សង្កិនហើយ ក្នុងការដោះស្រាយនូវសម្តី របស់ជនដទៃ ឬបើលោកអាច ចូរលោកដោះស្រាយឲ្យរួចខ្លួនចុះ ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពាក្យនោះ មិនប្រកបដោយ ប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បី សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរម្លត់ទុក្ខ មិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយពោល គួរពោលថា នេះជាទុក្ខ គួរពោលថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរពោលថា នេះជាទីរម្លត់ទុក្ខ គួរពោល ថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាម ។