អដ្ឋកថា វិគ្គាហិកកថាសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 736

ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពាក្យនោះ មិនប្រកបដោយ ប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បី សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរម្លត់ទុក្ខ មិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយពោល គួរពោលថា នេះជាទុក្ខ គួរពោលថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ គួរពោលថា នេះជាទីរម្លត់ទុក្ខ គួរពោល ថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាម ។