ខន្ធសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 758

ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ។ អរិយសច្ច ៤ តើអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច ។ ពាក្យ ថា ឧបាទានក្ខន្ធ ៥ គួរពោលថា ជាឈ្មោះនៃទុក្ខអរិយសច្ចនោះ ។ ឧបាទានក្ខន្ធ ៥ តើដូចម្តេច ។ គឺរូបជាឧបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណជាឧបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្តេច ។ តណ្ញាណាដែលនាំសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីរីករាយ និង តម្រេក នាំសត្វឲ្យត្រេកត្រអាលក្នុងភពនោះៗ ។ តណ្ហានោះ គឺអ្វីខ្លះ ។ គឺ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ទុក្ខសមុទយអរិយសច្ច ។