អដ្ឋកថា វិជ្ជាសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 765

លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា វិជ្ជា ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន វិជ្ជា តើដូចម្តេច មួយទៀត បុគ្គលដែលប្រកបដោយ វិជ្ជាដូចម្តេច ។ ម្នាលភិក្ខុ ការដឹងទុក្ខ ការដឹងហេតុជាទីកើតឡើងនៃទុក្ខ ការដឹង ទីរម្លត់ទុក្ខ ការដឹងបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខឯណា ។ ម្នាល ភិក្ខុ នេះហៅថា វិជ្ជា មួយវិញទៀត បុគ្គលដែលប្រកបដោយវិជ្ជា ក៏រមែង មានដោយហេតុបុណ្ណេះឯង ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិប ទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។