បរិញ្ញេយ្យសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 779
ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអរិយសច្ច ៤ នេះ អរិយសច្ចគួរកំណត់ដឹងក៏មាន អរិយសច្ចគួរលះបង់ក៏មាន អរិយសច្ចគួរធ្វើឲ្យជាក់ច្បាស់ ក៏មាន អរិយសច្ចគួរចម្រើនក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះអរិយសច្ចដូចម្តេច ដែលគួរកំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច គួរ កំណត់ដឹង ទុក្ខសមុទយអរិយសច្ច គួរលះបង់ ទុក្ខនិរោធអរិយសច្ច គួរធ្វើឲ្យ ជាក់ច្បាស់ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចគួរចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។