អដ្ឋកថា សីសបាវនសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 782

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីសបាវ័ន ( ព្រៃធ្នង់ ) ទៀបក្រុងកោសម្ពី ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ ស្លឹកធ្នង់បន្តិចដោយព្រះហស្ត ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកសម្គាល់សេចក្តីនុ៎ះដូចម្តេច ស្លឹកធ្នង់បន្តិចដែលតថាគតចាប់ដោយដៃក្តី ស្លឹក ធ្នង់ដែលនៅឯដើមធ្នង់ក្តី ស្លឹកនោះតើស្លឹកណាច្រើនជាងហ្ន៎ ។ បពិត្រព្រះអង្គដ៏ ចម្រើន ស្លឹកធ្នង់ដែលព្រះមានព្រះភាគចាប់ដោយព្រះហស្ត មានប្រមាណតិច ណាស់ ឯស្លឹកធ្នង់ទាំងនោះ ដែលនៅដើមធ្នង់ មានចំនួនច្រើនជាង ។ ម្នាល ភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ពាក្យណា ដែលតថាគតមិនសម្តែង ដើម្បីសេចក្តីត្រាស់ដឹងដល់អ្នកទាំងឡាយ ពាក្យនុ៎ះឯងមានចំនួនច្រើនជាង ។ ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះ បានជាតថាគតមិនសម្តែង ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពាក្យនុ៎ះ មិនប្រកបដោយប្រយោជន៍ មិន មែនជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិន ប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីរម្លត់ទុក្ខ មិនប្រព្រឹត្ត ទៅដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ព្រោះហេតុនោះ បានជាតថាគតមិន សម្តែងពាក្យនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះតថាគតសម្តែងពាក្យដូចម្តេចវិញ ។ ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងថា នេះជាទុក្ខ តថាគតសម្តែងថា នេះ ហេតុជាទីកើតឡើងនៃទុក្ខ តថាគតសម្តែងថា នេះជាសេចក្តីរម្លត់ទុក្ខ តថាគត សម្តែងថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះបានជាតថាគតសម្តែង តើព្រោះហេតុអ្វី ។