ទណ្ឌសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 786

ម្នាលភិក្ខុទាំងឡាយ ដូចដំបងដែលគេចោលទៅឯអាកាស តែងធ្លាក់ចុះខាងគល់ដំបងក៏មាន ធ្លាក់ចុះត្រង់កណ្តាលដំបងក៏មាន ធ្លាក់ចុះខាង ចុងដំបងក៏មាន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយដែល មានអវិជ្ជាជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកប កាលអន្ទោលទៅ ត្រាច់ រង្គាត់ទៅ តែងចេញពីលោកនេះ ទៅកាន់លោកដទៃក៏មាន ត្រឡប់មកពីលោក ដទៃ មកកាន់លោកនេះក៏មាន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាសត្វទាំងនោះ មិនបានឃើញនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនា នេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។