ចេលសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ សំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះគួរធ្វើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើសំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះគួរធ្វើសេចក្តីបុនប៉ងផង ព្យាយាមផង សេចក្តី ប្រឹងប្រែងផង សេចក្តីខ្មីឃ្មាតផង ការមិនរួញរាផង សតិផង សម្បជញ្ញៈផង ដ៏មាំមួន ដើម្បីនឹងលត់នូវសំពត់ ឬក្បាលនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរកុំសម្លឹងមើល កុំយកចិត្តទុកដាក់ចំពោះសំពត់ ឬក្បាល ដែលភ្លើង កំពុងឆេះឡើយ គួរធ្វើសេចក្តីបុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាត ផង ការមិនរួញរាផង សតិផង សម្បជញ្ញៈផង ដ៏មាំមួន ដើម្បីនឹងត្រាស់ដឹង នូវអរិយសច្ច ៤ ដែលខ្លួនមិនទាន់បានត្រាស់ដឹងតាមសេចក្តីពិតនៅឡើយ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទា- អរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះ បដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។