សត្តិសតសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 788

ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានអាយុ ១០០ ឆ្នាំនិយាយ នឹងបុរសដែលមានអាយុរស់នៅ ១០០ ឆ្នាំដូចគ្នាយ៉ាងនេះថា នែបុរសអើយ ចូរអ្នកមកអាយ ជនទាំងឡាយ នឹងសម្លាប់អ្នក ដោយរយនៃលំពែងក្នុង បុព្វណ្ហសម័យ ( ពេលព្រឹក ) នឹងសម្លាប់អ្នក ដោយរយនៃលំពែងក្នុង មជ្ឈន្តិកសម័យ ( ពេលថ្ងៃត្រង់ ) នឹងសម្លាប់អ្នក ដោយរយនៃលំពែងក្នុង សាយ័ណ្ហសម័យ ( ពេលល្ងាច ) ។ បុរសនោះ ក៏និយាយថា នែបុរស អើយ អ្នកឯងមានអាយុ ១០០ ឆ្នាំ រស់នៅអស់ ១០០ ឆ្នាំ កាលបើត្រូវគេ សម្លាប់ដោយលំពែង ៣០០ រាល់ៗថ្ងៃ លុះកន្លង ១០០ ឆ្នាំទៅ នឹងបាន ត្រាស់ដឹងនូវអរិយសច្ច ៤ ដែលមិនទាន់បានត្រាស់ដឹងនៅឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ កុលបុត្ត ដែលលុះក្នុងអំណាចនៃប្រយោជន៍ គួរតែចូលទៅ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាសង្សារនេះមិនមាន ទីបំផុតទេ ខាងដើម និងខាងចុងនៃការប្រហារដោយលំពែង ប្រហារដោយដាវ ប្រហារដោយកូនសរ ប្រហារដោយបូវថៅ ក៏មិនប្រាកដឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ ដំណើរនោះគួរមានយ៉ាងនេះមែន ម្នាលភិក្ខុទាំងឡាយ តែតថាគត មិនបានពោលនូវការត្រាស់ដឹងនូវអរិយសច្ច ៤ ជាមួយនឹងសេចក្តីទុក្ខ ជាមួយ នឹងទោមនស្សទេ ។ ម្នាលភិក្ខុទាំងឡាយ បុន្តែតថាគតតែងពោលនូវសេចក្តី ត្រាស់ដឹងចំពោះអរិយសច្ចទាំង ៤ ជាមួយនឹងសេចក្តីសុខ និងសោមនស្ស ទេតើ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង សាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។