បាណសូត្រ ទី ៦
ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ មកប្រមូលទុកក្នុងទីជាមួយគ្នា លុះ ប្រមូលទុកក្នុងទីជាមួយគ្នាហើយ គប្បីធ្វើជាឈើអណ្តោត លុះធ្វើជាឈើ អណ្តោតហើយ ទើបដោតពួកសត្វធំៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើ អណ្តោតធំៗ ដោតពួកសត្វជាន់កណ្តាលៗ ដែលនៅក្នុងមហាសមុទ្រក្នុងឈើ អណ្តោតជាន់កណ្តាលៗ ដោតពួកសត្វតូចៗ ដែលនៅក្នុងមហាសមុទ្រ ក្នុង ឈើអណ្តោតតូចៗ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វធំៗ ក្នុងមហាសមុទ្រ មិន អស់ទេ ឯស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះដល់នូវការអស់ ទៅសូន្យទៅមិនខាន ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតូចៗ ក្នុងមហាសមុទ្រ ច្រើនជាងពួកសត្វធំៗ ទៅទៀត បុគ្គលណាមួយ មិនងាយនឹងដោត ដោយឈើអណ្តោតឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះសត្វទាំងនោះមានអត្តភាពតូចៗ ។ ម្នាលភិក្ខុទាំងឡាយ អបាយ ធំយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលរួចចាកអបាយដែលធំយ៉ាងនេះ ជា អ្នកបរិបូណ៌ដោយទិដ្ឋិ ទើបដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់ តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តី ព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។