អដ្ឋកថា ទុតិយសូរិយសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 791

ម្នាលភិក្ខុទាំងឡាយ ព្រះចន្រ្ទ និងព្រះអាទិត្យ មិនទាន់កើតឡើង ក្នុងលោកដរាបណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏មិនទាន់កើតប្រាកដ ក្នុងកាល ណោះ មានតែងងឹតអ័ព្ទសូន្យឈឹងដរាបនោះ យប់ និងថ្ងៃក៏មានមិនប្រាកដ ខែ និងកន្លះខែក៏មិនទាន់ប្រាកដ រដូវ និងឆ្នាំក៏មិនប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ លុះ តែព្រះចន្រ្ទ និងព្រះអាទិត្យកើតឡើងក្នុងលោកកាលណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏ កើតប្រាកដក្នុងកាលណោះ អ័ព្ទសូន្យឈឹង ក៏មិនមានឡើយក្នុងកាលណោះ យប់ និងថ្ងៃក៏ប្រាកដ ខែ និងកន្លះខែក៏ប្រាកដ រដូវ និងឆ្នាំក៏ប្រាកដ ក្នុងកាល ណោះ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធមិនទាន់កើតឡើងក្នុងលោកដរាបណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏មិនទាន់ មានប្រាកដដរាបនោះ ក្នុងកាលណោះ មានតែងងឹត និងអ័ព្ទសូន្យឈឹង ឯការ ប្រាប់ ការសម្តែង ការតាក់តែង ការផ្តួចផ្តើម ការបើក ការចែករលែក ការធ្វើ ឲ្យរាក់ឡើងនូវអរិយសច្ច ៤ ក៏មិនទាន់មាននៅឡើយដរាបនោះ ។ ម្នាល ភិក្ខុទាំងឡាយ លុះតែព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធកើតឡើងក្នុងលោក កាលណា ពន្លឺដ៏ធំ រស្មីដ៏ធំ ទើបប្រាកដក្នុងកាលណោះ ងងឹត និងអ័ព្ទសូន្យ ឈឹងក៏មិនមានឡើយក្នុងកាលណោះ ឯការប្រាប់ ការសម្តែង ការតាក់តែង ការផ្តួចផ្តើម ការបើក ការចែករលែក ការធ្វើឲ្យរាក់ឡើងនូវអរិយសច្ច ៤ ក៏ មានប្រាកដក្នុងកាលណោះ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ ហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។