ឥន្ទខីលសូត្រ ទី ៩
ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ មិនដឹងច្បាស់តាមសេចក្តី ពិតថា នេះបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងក្រឡេកមើលមុខ ( អធ្យាស្រ័យ ) របស់សមណៈ ឬព្រាហ្មណ៍ ដទៃថា លោកដ៏ចម្រើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ ឃើញដោយពិត ។ ម្នាលភិក្ខុទាំងឡាយ ដូចបុយគរ ឬកប្បាសដែលជារបស់ ស្រាលមានខ្យល់ជាឧបាទាន គេដាក់លើផែនដីដ៏ស្មើ ខ្យល់ពីខាងកើត ក៏បក់ បុយនោះទៅខាងលិច ខ្យល់ពីខាងលិចបក់បុយនោះទៅខាងកើត ខ្យល់ពីខាង ជើងបក់បុយនោះ ទៅខាងត្បូង ខ្យល់ពីខាងត្បូងបក់បុយនោះ ទៅខាងជើង ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុយកប្បាសជា របស់ស្រាលយ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ ឯណានីមួយ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ ក្រឡេកមើលមុខរបស់សមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចម្រើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញ ដោយពិត ។