វាទត្ថិកសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 795
ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណានីមួយ ដឹងច្បាស់តាមសេចក្តី ពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះបដិបទាជាដំណើរ ទៅកាន់ទីរម្លត់ទុក្ខ ។ ប្រសិនបើសមណៈ ឬព្រាហ្មណ៍អ្នកត្រូវការដោយវាទៈ អ្នកស្វែងរកវាទៈ មកអំពីទិសខាងកើតដោយគិតថា អាត្មាអញនឹងលើកវាទៈ របស់ភិក្ខុនោះចេញ ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះកម្រើកក្តី រញ្ជួយក្តី ញាប់ញ័រក្តី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ ។ បើមកអំពីទិសខាងលិចក្តី ។ មកអំពីទិសខាងជើងក្តី ។ ប្រសិនបើសមណៈ ឬព្រាហ្មណ៍អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងត្បូងដោយ គិតថា អាត្មាអញនឹងលើកវាទៈរបស់ភិក្ខុនោះចេញ ។