បបាតសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 803

សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុង រាជគ្រឹះ ។ គ្រានោះ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ មក យើងចូលទៅឯថ្មបដិភាណកូដ ( ថ្មជាព្រំខ័ណ្ឌបែបភ្នំ ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលទៅឯថ្ម បដិភាណកូដជាមួយនឹងភិក្ខុច្រើនរូប ។ ភិក្ខុមួយរូប បានឃើញនូវជ្រោះធំជិត ថ្មបដិភាណកូដ លុះឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ជ្រោះនេះធំណាស់តើ បពិត្រព្រះអង្គដ៏ចម្រើន ជ្រោះ នេះធំពេកណាស់តើ បពិត្រព្រះអង្គដ៏ចម្រើន ជ្រោះដទៃធំជាងផង គួរខ្លាចផង ជាងជ្រោះនេះទៅទៀត មានដែរឬ ។