អញ្ញត្រសូត្រ ទី ១
គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដី មាន ប្រមាណតិច ដាក់លើចុងព្រះនខា ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែល តថាគតលើកដាក់លើចុងក្រចក និងមហាប្រឹថពីនេះ របស់ទាំងពីរនោះ តើ របស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពីនុ៎ះឯងច្រើនជាង អាចម៍ដីបន្តិចដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មានប្រមាណ តិច អាចម៍ដីបន្តិចដែលព្រះមានព្រះភាគលើកដាក់លើចុងព្រះនខា មិនបាន ដល់នូវការរាប់ផង មិនបានដល់នូវការប្រៀបធៀបោផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងកំណើតមនុស្សទាំងឡាយមាន ប្រមាណតិច ឯពួកសត្វដែលកើតក្រៅអំពីកំណើតពួកមនុស្សមានប្រមាណ ច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពួកសត្វ មិនឃើញនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ ដូចម្តេចខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។