អដ្ឋកថា សុរាមេរយសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 835

គប្បីជ្រាបអធិប្បាយក្នុងសុរាមេរយសូត្រទី ៤ ដូចតទៅនេះ ក្នុងបទថា សុរាមេរយមជ្ជប្បមាទដ្ឋានា បដិវិរតា មានអធិប្បាយថា ឈ្មោះ ថា សុរាមាន ៥ យ៉ាង គឺសុរាធ្វើដោយម្សៅ ១ សុរាធ្វើដោយបាយ ១ សុរាធ្វើដោយនំ ១ សុរាដែលធ្វើដោយមេស្រា ១ សុរាដែលប្រកបដោយ គ្រឿងផ្សំ ១ ។ ទឹកត្រាំឯណាមួយ លោកពោលយ៉ាងនេះថា ទឹកត្រាំដោយ ផ្កា ទឹកត្រាំដោយផ្លែ ឈ្មោះថា មេរ័យ ។ បទថា មជ្ជ បានដល់ ទាំង ២ យ៉ាង ។ អធិប្បាយថា ម្យ៉ាងទៀត ទឹកស្រវឹងប្រភេទណាដទៃ ដែលផុតហើយ ចាកសុរា និងមេរ័យ ដែលបុគ្គលគប្បីស្រវឹង ។ មនុស្សទាំងឡាយ រមែង ផឹកសុរា និងមេរ័យនោះ ដោយចេតនាណា ចេតនានោះឈ្មោះថា ជាឋានៈ នៃសេចក្តីប្រមាទ ព្រោះជាហេតុនៃសេចក្តីប្រមាទ ជាបុគ្គលវៀរហើយចាកការផឹក សុរា និងមេរ័យនោះ ។