អដ្ឋកថា ទេវចុតិនិរយាទិសូត្រ ទី ៧-៩
ក្បាលទី 24 · ទំព័រ 859
បទថា កយវិក្កយា បានដល់ ទិញផង លក់ផង ។ ទូតកម្ម លោកហៅថា ទូតេយ្យំ ។ ការទទួលសំបុត្រ ឬដំណឹងរបស់ពួកគ្រហស្ថ ហើយទៅក្នុងទីនោះៗ លោកហៅថា បហិណគមនំ ។ ឈ្មោះថា ការទៅបន្តិចបន្តួចរបស់ភិក្ខុដែលគេបញ្ជូនទៅកាន់ផ្ទះតូច ផ្ទះធំ ។ ការធ្វើទាំង ២ យ៉ាងនោះ ឈ្មោះថា អនុយោគា ព្រោះដូច្នោះ គប្បីជ្រាបអត្ថក្នុងបទនេះថា ការប្រកបទូតកម្ម និងការទទួលបម្រើ ។ ការបោកបញ្ឆោតឈ្មោះថា កូដំ គឺគៃបន្លំ ក្នុងពាក្យជាដើម ថា គៃបន្លំដោយភ្នែកជញ្ជីង ក្នុងពាក្យថា គៃបន្លំនោះ ការគៃបន្លំដោយភ្នែក ជញ្ជីង មាន ៤ យ៉ាង គឺគៃបន្លំដោយរូប ១ គៃបន្លំដោយភាជនៈ ១ គៃបន្លំ ដោយការទទួល ១ គៃបន្លំដោយបិទបាំង ១ ។ បណ្តាការគៃបន្លំទាំងនោះ បុគ្គលធ្វើជញ្ជីង ២ ឲ្យដូចគ្នា កាលកាន់យក រមែងកាន់យកដោយជញ្ជីងធំ កាលថ្លឹងឲ្យ ក៏ថ្លឹងឲ្យដោយជញ្ជីងតូច នេះឈ្មោះថា គៃបន្លំដោយរូប ។