ឯកធម្មាទិបាលិរូបាទិវគ្គ ទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែ រូប ១ ដែលគ្របសង្កត់ចិត្តបុរសហើយស្ថិតនៅ ដូចរូបស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបស្ត្រីទើបអាចគ្របសង្កត់ចិត្តបុរស ហើយ ស្ថិតនៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសំឡេងដទៃ សូម្បីតែសំឡេង ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចសំឡេង ស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ សំឡេងស្ត្រីទើបអាចគ្របសង្កត់ចិត្ត បុរស ហើយស្ថិតនៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញក្លិនដទៃ សូម្បី តែក្លិន ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចក្លិនស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ក្លិនស្ត្រីទើបអាចគ្របសង្កត់ចិត្តបុរស ហើយ ស្ថិតនៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរសដទៃ សូម្បីតែ រស ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរសស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រសស្ត្រីទើបអាចគ្របសង្កត់ចិត្តបុរស ហើយ ស្ថិតនៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញផ្សព្វដទៃ សូម្បីតែ ផ្សព្វ ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចផ្សព្វស្ត្រីនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ផ្សព្វស្ត្រីទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ។