នីវរណប្បហានវគ្គ ទី ២

ក្បាលទី 25 · ទំព័រ 52

ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងកាមច្ឆន្ទៈមិនទាន់កើតឡើង ឲ្យកើតឡើងបាន ក្តី កាមច្ឆន្ទៈដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពក្តី ដូចសុភនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើ បុគ្គលធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តដោយឧបាយខុស កាមច្ឆន្ទៈដែលមិន ទាន់កើតឡើង ក៏កើតឡើងបានផង កាមច្ឆន្ទៈដែលកើតឡើងហើយ ក៏ ប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនឡើងជាភិយ្យោភាពផង ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញ សភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ព្យាបាទដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនជាភិយ្យោភាពក្តី ដូចបដិឃនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល ធ្វើទុកក្នុងចិត្តនូវបដិឃនិមិត្តដោយឧបាយខុស ព្យាបាទដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ព្យាបាទដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅដើម្បី សេចក្តីចម្រើនឡើងជាភិយ្យោភាពផង ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងថីនមិទ្ធៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ថីនមិទ្ធៈដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនឡើងជា ភិយ្យោភាពក្តី ដូចសេចក្តីអផ្សុក សេចក្តីខ្ជិល ការមឹតពត់កាយ សេចក្តី ស្រវឹងបាយ នឹងភាពនៃចិត្តឡេះឡោះនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តឡេះឡោះ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង បានផង ថីនមិទ្ធៈដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្តី ចម្រើនឡើងជាភិយ្យោភាពផង ។