រឿងព្រះតិស្សភូតត្ថេរ

ក្បាលទី 25 · ទំព័រ 74

ព្រះថេរៈមួយរូបទៀត ឈ្មោះតិស្សភូតត្ថេរ ក្នុងវិហារនោះឯង រៀន ព្រះវិន័យ ចូលទៅក្នុងស្រុក ក្នុងវេលាភិក្ខាចារ បានឃើញវិសភាគារម្មណ៍ កើតលោភៈឡើង លោកធ្វើជើងដែលឈរយ៉ាងនោះមិនឲ្យកម្រើកទៅណា ចាក់បបរក្នុងបាត្ររបស់ខ្លួន ចូលក្នុងបាត្ររបស់ភិក្ខុកំលោះដែលជាឧបដ្ឋាក គិតថា វិតក្កនេះ កាលចម្រើនច្រើនឡើង នឹងធ្វើឲ្យអញលិចក្នុងអបាយ ៤ ទើបត្រឡប់អំពីទីនោះ ទៅកាន់សម្នាក់របស់អាចារ្យ ថ្វាយបង្គំហើយ ឈរ នៅនាចំណែកសមគួរម្ខាង ពោលថា ព្យាធិឯណានីមួយកើតឡើងដល់ខ្ញុំ ហើយ ខ្ញុំមិនអាចព្យាបាលបាន ទើបមករកលោកម្ចាស់ មិនបានមកដោយ រឿងដទៃឡើយ សូមលោកម្ចាស់ពិនិត្យមើលខ្ញុំ តាំងឧទ្ទេសពេលថ្ងៃ និង ឧទ្ទេសពេលល្ងាច តែកុំតាំងឧទ្ទេសក្នុងវេលាទៀបភ្លឺឡើយ កាលពោល យ៉ាងនេះហើយ បានទៅកាន់សម្នាក់របស់ព្រះមល្លយវាសិមហារក្ខិតត្ថេរ ព្រះថេរៈ កំពុងធ្វើរបងព័ទ្ធសាលាស្លឹករបស់ខ្លួន មិនបានមើលលោក ពោលថា អាវុសោ ចូរទុកបាត្រ និងចីវររបស់លោកចុះ ភិក្ខុនោះពោលថា បពិត្រ លោកម្ចាស់ ខ្ញុំមានព្យាធិម្យ៉ាង បើលោកម្ចាស់អាចព្យាបាលបានសោត ទើប ខ្ញុំទុកដាក់ ។ ព្រះថេរៈពោលថា អាវុសោ លោកមកកាន់សម្នាក់របស់ខ្ញុំ ដែលអាចព្យាបាលរោគ ដែលកើតឡើងហើយ ចូរលោកទុកដាក់សិនចុះ ។ ភិក្ខុជាអ្នកប្រដៅងាយគិតថា អាចារ្យរបស់ពួកយើង បើមិនដឹងគង់មិនពោល យ៉ាងនោះ ហើយដាក់បាត្រ និងចីវរ សម្តែងវត្តដល់ព្រះថេរៈ ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង ។