រឿងព្រះមហាតិស្សត្ថេរ

ក្បាលទី 25 · ទំព័រ 78

បានឮថា ព្រះមហាតិស្សត្ថេរ បានសមាបត្តិ ៨ តាំងអំពីមានវស្សា ៨ លោកពោលធម៌បានប្រហាក់ប្រហែលអរិយមគ្គ ដោយអំណាចបរិយត្តិ និង បរិបុច្ឆា ព្រោះកិលេសត្រូវបានសង្កត់ដោយសមាបត្តិ មិនផ្សាយឡើង សូម្បី ក្នុងកាលដែលលោកមានវស្សា ៦០ ក៏មិនដឹងខ្លួនថា នៅជាបុថុជ្ជន ។ សម័យ ថ្ងៃមួយ ភិក្ខុសង្ឃមកអំពីតិស្សមហាវិហារ ក្នុងស្រុកមហាគាម បានបញ្ជូន ដំណឹងដល់ព្រះធម្មទិន្នត្ថេរ ដែលនៅឯឆ្នេរខ្សាច់ថា សូមព្រះថេរៈមកពោល ធម្មកថាដល់ពួកខ្ញុំ ។ ព្រះថេរៈទទួលពាក្យហើយ គិតថា ភិក្ខុដែលចាស់ជាង មិនមានក្នុងសម្នាក់របស់អញ តែព្រះមហាតិស្សត្ថេរក៏ជាអាចារ្យ អ្នកប្រាប់ កម្មដ្ឋានដល់អញ អញនឹងតាំងលោកឲ្យជាព្រះសង្ឃត្ថេរ ហើយនឹងទៅ ។ លោកដែលភិក្ខុសង្ឃចោមរោមហើយ ទៅកាន់វិហាររបស់ព្រះថេរៈ សម្តែង វត្តដល់ព្រះថេរៈក្នុងទីសម្រាកពេលថ្ងៃហើយ អង្គុយក្នុងទីសមគួរ នាចំណែក ម្ខាង ព្រះថេរៈពោលថា ធម្មទិន្ន លោកម្ចាស់មកយូរហើយឬ ព្រះធម្មទិន្នត្ថេរ ពោលថា បពិត្រលោកម្ចាស់ ភិក្ខុសង្ឃបញ្ជូនដំណឹងអំពីតិស្សមហាវិហារ មកដល់ខ្ញុំ តែខ្ញុំម្នាក់ឯង ក៏នឹងមិនមក តែខ្ញុំនឹងទៅជាមួយលោកម្ចាស់ ទើប បានមក ។ លោកពោលសារាណីយកថា ឲ្យកាលវេលាកន្លងទៅយឺតៗ ហើយសួរថា លោកម្ចាស់ លោកម្ចាស់សម្រេចធម៌នេះពីអង្កាល់ណា ព្រះថេរៈ ពោលថា ធម្មទិន្ន ប្រមាណ ៦០ ឆ្នាំហើយ ។ ព្រះធម្មទិន្នត្ថេរពោលថា បពិត្រលោកម្ចាស់ លោកម្ចាស់ចេះប្រើសមាធិដែរឬ ព្រះថេរៈពោលថា ចេះ លោកម្ចាស់ ព្រះធម្មទិន្នត្ថេរពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ និម្មិតស្រះបោក្ខរណីមួយបានឬទេ ព្រះថេរៈពោលថា សេចក្តីនេះមិនជាភារៈ ធ្ងន់ឡើយ ហើយនិម្មិតស្រះបោក្ខរណីឡើងក្នុងទីចំពោះមុខ ។