រឿងភិក្ខុ ៦០ រូប
រឿង ភិក្ខុ ៦០ រូប បានឮថា ភិក្ខុទាំងនោះទទួលព្រះកម្មដ្ឋាន ក្នុងសម្នាក់ព្រះសាស្តាហើយ ចូលទៅព្រៃដែលមានសភាពស្ងប់ស្ងាត់ ធ្វើកម្មក្នុងវិបស្សនា តែមិនធ្វើសេចក្តី ព្យាយាមដើម្បីប្រយោជន៍ដល់មគ្គផល ដោយសម្គាល់ថា អញសម្រេច មគ្គផលហើយ ព្រោះកិលេសមិនផ្សាយឡើង គិតថា អញនឹងក្រាបទូលដល់ ធម៌ដែលអញសម្រេចហើយ ដល់ព្រះទសពល ទើបមកគាល់ព្រះសាស្តា តែមុនភិក្ខុទាំងនោះមកដល់ ព្រះសាស្តាបានត្រាស់នឹងព្រះអានន្ទថា អានន្ទ ភិក្ខុបំពេញព្យាយាមនឹងមកជួបតថាគតក្នុងថ្ងៃនេះ អ្នកកុំឲ្យឱកាសដល់ភិក្ខុ ទាំងនោះ ដើម្បីជួបតថាគត គប្បីបញ្ជូនទៅថា សូមពួកលោកទៅកាន់ព្រៃ ខ្មោច ដែលចោលសពស្រស់ ធ្វើភាវនាអសុភស្រស់ចុះ ។ ព្រះថេរៈប្រាប់ ដំណឹងដែលព្រះសាស្តាបញ្ជូនដល់ភិក្ខុទាំងនោះដែលមកហើយ ភិក្ខុទាំងនោះ គិតថា ព្រះតថាគត បើទ្រង់មិនជ្រាប គង់មិនមានព្រះតម្រាស់ ប្រហែលជា មានហេតុក្នុងសេចក្តីនេះដោយពិត ដូច្នេះហើយ ទើបទៅកាន់ព្រៃខ្មោចស្រស់ សម្លឹងអសុភស្រស់ ក៏កើតតម្រេកឡើង កើតនូវសង្វេគឡើងថា ឱ សេចក្តី នេះ ព្រះសម្មាសម្ពុទ្ធគង់ទ្រង់ឃើញហើយពិត ទើបផ្តើមកម្មដ្ឋាន តាមដែល ខ្លួនតម្កល់ទុកអំពីដើម ព្រះសាស្តាទ្រង់ជ្រាបថា ភិក្ខុទាំងនោះផ្តើមវិបស្សនា ប្រថាប់គង់ត្រង់ព្រះគន្ធកុដិនោះឯង បញ្ចេញឱភាស ត្រាស់គាថាថា យានិមានិ អបត្ថានិ អលាពូនេវ សារទេ កាបេតកានិ អដ្ឋីនិ តានិ ទិស្វាន កា រតិ ។ ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោល ហើយ ដូចផ្លែឃ្លោកក្នុងសរទកាល សេចក្តីត្រេកអរអ្វីហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។