បណិហិតអច្ឆវគ្គ ទី ៥
ក្បាលទី 25 · ទំព័រ 113
ក្នុងសូត្រទី ១ វគ្គទី ៥ មានវិនិច្ឆ័យដូចតទៅនេះ សព្ទថា សេយ្យថាបិ ជានិបាត ប្រើក្នុងអត្ថថា ឧបមា ។ ក្នុងអត្ថដែលពោលដោយ ឧបមានោះ ទីខ្លះ ព្រះមានព្រះភាគ ទ្រង់សម្តែងយកអត្ថប្រកបឧបមា ដូចក្នុង វត្ថសូត្រ និងក្នុងបារិច្ឆត្តកោបមសូត្រ អគ្គិក្ខន្ធោបមសូត្រ ។ ក្នុងទីខ្លះ ទ្រង់ សម្តែងយកឧបមាប្រកបសេចក្តី ដូចក្នុងលោណម្ពិលសូត្រ និងដូចសុវណ្ណការសូត្រ និងសុរិយោបមសូត្រជាដើម តែក្នុងសាលិសូកោបមសូត្រនេះ ព្រះមាន ព្រះភាគ កាលទ្រង់យកឧបមាប្រកបអត្ថ ទើបត្រាស់ពាក្យថា សេយ្យថាបិ ភិក្ខវេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សាលិសូកំ ប្រែថា ចុងនៃគ្រាប់ស្រូវសាលី ក្នុងចុងនៃស្រូវដំណើបក៏មានន័យនេះដូចគ្នា វា សព្ទ មានអត្ថវិកប្បមិនពិតប្រាកដ ។