អដ្ឋកថា វីរិយារម្ភាទិវគ្គ ទី ៧
ក្បាលទី 25 · ទំព័រ 153
ក្នុងសូត្រទី ១ នៃវគ្គទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា វីរិយារម្ភោ បានដល់ ការផ្តើមសេចក្តីព្យាយាម គឺសម្មប្បធាន ដែលមានកិច្ច ៤ អធិប្បាយថា ភាពជាអ្នកមានសេចក្តីព្យាយាមដែលផ្គងបរិបូណ៌ ។ ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា មហិច្ឆតា បានដល់ ការប្រាថ្នាធំ លោកសំដៅពោលថា បណ្តាធម៌ទាំងនោះ សេចក្តី ប្រាថ្នាធំ តើដូចម្តេច ។ សេចក្តីប្រាថ្នាដ៏ក្រៃលែងនៃបុគ្គលមិនសន្តោស ដោយ ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ នេះហៅថា សេចក្តីប្រាថ្នាធំ ។