អដ្ឋកថា កល្យាណមិត្តាទិវគ្គ ទី ៨

ក្បាលទី 25 · ទំព័រ 170

ក្នុងសូត្រទី ១ នៃវគ្គទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា កល្យាណមិត្តតា សេចក្តីថា ឈ្មោះថា កល្យាណមិត្រ ព្រោះមានមិត្រល្អ ភាវៈនៃភាពជាអ្នកមានកល្យាណមិត្រនោះ ឈ្មោះថា កល្យាណមិត្តតា គឺ ភាពជាអ្នកមានមិត្រល្អ ពាក្យដ៏សេស គប្បីជ្រាបដោយន័យដែលផ្ទុយគ្នា នឹងពាក្យដែលពោលនេះ ។ ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា អនុយោគោ បានដល់ ការប្រកបការប្រកបទួទៅ ។ បទថា អននុយោគោ បានដល់ ការ មិនប្រកបការមិនប្រកបទួទៅ ។ បទថា អនុយោគា ប្រែថា ព្រោះការប្រកបរឿយ ៗ ។ បទថា អននុយោគា ប្រែថា ព្រោះមិនប្រកបរឿយៗ ។ បទថា កុសលានំ ធម្មានំ បានដល់ កុសលធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ ក្នុងសូត្រទី ៣ មានអត្ថងាយយល់ទាំងអស់ហើយ ។ ក្នុងសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ពោជ្ឈង្គា បានដល់ ធម៌ ៧ ប្រការ ដែលជាអង្គគុណរបស់អ្នកត្រាស់ដឹង ។ ម្យ៉ាងទៀត ឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃធម្មសាមគ្គី គ្រឿងត្រាស់ដឹង ដែលជាហេតុចេញចាកវដ្តៈ ឬធ្វើឲ្យជាក់ច្បាស់នូវសច្ចៈ ៤ របស់សត្វដែល ត្រាស់ដឹងនោះ ។ បទថា ពោជ្ឈង្គា សេចក្តីថា ឈ្មោះថា ពោជ្ឈង្គ ដោយ អត្ថដូចម្តេច ឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃធម្មសាមគ្គី គឺគ្រឿងត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃធម្មសាមគ្គី គ្រឿងត្រាស់ដឹងតាម ។ ឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃធម្មសាមគ្គី គ្រឿងត្រាស់ដឹងចំពោះ ។ ឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃធម្មសាមគ្គី គ្រឿងត្រាស់ដឹងព្រម ។ ឈ្មោះថា ពោជ្ឈង្គ ព្រោះប្រព្រឹត្តទៅព្រមដោយបញ្ញាជាគ្រឿងត្រាស់ដឹងព្រម បទថា ពោជ្ឈង្គ នេះ លោកចែកទុកហើយ ដោយប្រការដូច្នេះ ។