ទុតិយបមាទាទិវគ្គ ទី ១០
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែល ជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ ច្រើន ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តី ប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ច្រើន ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែ សេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ ច្រើន ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែ សេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ច្រើន ដូចការប្រារព្ធព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែ ការប្រារព្ធព្យាយាម ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែ ១ សោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។