អដ្ឋកថា អនាបត្តិវគ្គ ទី ១២
ក្នុងអនាបត្តិវគ្គទី ១២ មានវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា អនាបត្តឹ អាបត្តិ ជាដើម អានាបត្តិដែលលោកពោលក្នុងទីនោះៗ ថា មិន ជាអាបត្តិដល់ភិក្ខុដែលមិនដឹង មិនមានថេយ្យចិត្ត មិនបំណងនឹងឲ្យស្លាប់ មិនបំណងនឹងអួត មិនបំណងនឹងបញ្ចេញ ( សុក្ក ) ដូច្នេះ ឈ្មោះថា អនាបត្តិ ។ អាបត្តិដែលលោកពោលដោយន័យជាដើមថា ជាអាបត្តិដល់ភិក្ខុ ដែលជាអ្នកដឹង ដែលមានថេយ្យចិត្ត ដូច្នេះ ឈ្មោះថា អាបត្តិ ។ អាបត្តិ ៥ កង ឈ្មោះថា លហុកាបត្តិ ។ អាបត្តិ ២ កង ឈ្មោះថា គរុកាបត្តិ ។ អាបត្តិ ២ កង ឈ្មោះថា ទុដ្ឋុល្លាបត្តិ គឺអាបត្តិគ្រោតគ្រាត អាបត្តិ ៥ កង ឈ្មោះ ថា អទុដ្ឋុល្លាបត្តិ ។ អាបត្តិ ៦ កង ឈ្មោះថា សាវសេសាបត្តិ គឺអាបត្តិ ដែលមានចំណែកសល់ អាបត្តិបារាជិក ១ កង ឈ្មោះថា អនាវសេសាបត្តិ អាបត្តិដែលមានចំណែកសល់នោះឯង ឈ្មោះថា អាបត្តិដែលសម្តែងបាន អាបត្តិដែលមិនមានចំណែកសល់នោះឯង ឈ្មោះថា អាបត្តិដែលសម្តែង មិនបាន ។ ពាក្យដ៏សេសក្នុងទីទាំងពួង ងាយយល់ហើយ ។ ឯកបុគ្គលបលិទី ១៣ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជន ច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បី សេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ បុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាល កើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណដល់ជនច្រើន ដើម្បី សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។