អដ្ឋកថា ឯកបុគ្គលវគ្គ

ក្បាលទី 25 · ទំព័រ 213

ក្នុងសូត្រទី ១ នៃឯកបុគ្គលវគ្គទី ១៣ មានវិនិច្ឆ័យដូច្នេះ បទថា ឯកបុគ្គលលោ ប្រែថា បុគ្គលឯក ។ បទថា ឯកោ ក្នុងបទថា ឯកបុគ្គលោ នេះ ជាការកំណត់ចំនួនដែលមានអត្ថបដិសេធបុគ្គល ២ ជាដើម ។ បទថា បុគ្គលោ ជាពាក្យនិយាយដោយសន្មត មិនមែនវាចាដោយ បរមត្ថឡើយ ។ ពិតហើយ ទេសនារបស់ព្រះមានព្រះភាគមាន ២ យ៉ាង គឺសម្មតិទេសនា ១ បរមត្ថទេសនា ១ ។ ក្នុងទេសនា ២ យ៉ាងនោះ ទេសនា ទំនងនេះថា បុគ្គល សត្វ ស្រី ប្រុស ក្សត្រ ព្រាហ្មណ៍ ទេវតា មារ ឈ្មោះថា សម្មតិទេសនា ។ ទេសនាទំនងនេះថា មិនទៀង ជាទុក្ខ ជា អនត្តា ខន្ធ ធាតុ អាយតនៈ សតិប្បដ្ឋាន ឈ្មោះថា បរមត្ថទេសនា ។ ក្នុងទេសនា ២ យ៉ាងនោះ ជនពួកណាស្តាប់ទេសនា ទាក់ទងដោយសម្មតិ អាចយល់អត្ថ ការលះមោហៈ សម្រេចគុណវិសេសបាន ព្រះមានព្រះភាគ ទ្រង់សម្តែងសម្មតិទេសនា ដល់ជនទាំងនោះ ។ ឯជនទាំងឡាយឯណាស្តាប់ ទេសនាទាក់ទងដោយបរមត្ថ ហើយអាចយល់អត្ថ លះមោហៈ សម្រេចគុណវិសេស បាន ព្រះមានព្រះភាគ ទ្រង់សម្តែងបរមត្ថទេសនាដល់ជនទាំងនោះ ។ ក្នុងសេចក្តីនោះ គប្បីជ្រាបឧបមាដូចតទៅនេះ ឧបមាដូចអាចារ្យអ្នកឈ្លាសក្នុងភាសាតាមតំបន់ ដែលបរិយាយអត្ថនៃ វេទទាំង ៣ ជនពួកណា កាលពោលដោយភាសាទមិឡ រមែងយល់សេចក្តី បាន ក៏បង្រៀនជនទាំងនោះ ដោយភាសាទមិឡ ជនពួកណា កាលពោល ដោយភាសាណានីមួយ ក្នុងបណ្តាភាសារបស់អ្នកអន្ធៈជាដើម រមែងយល់អត្ថ បាន ក៏បង្រៀនដោយភាសានោះៗ ដល់ជនទាំងនោះ កាលបើដូច្នោះ មាណព ទាំងនោះ អាស្រ័យអាចារ្យអ្នកឈ្លាស មុតស្រួច រមែងរៀនសិប្បៈបានដោយ ឆាប់រហ័សនោះឯង ។