បុច្ឆាមាន ៥ យ៉ាង
សម្តែងបុគ្គលដែលបដិសន្ធិជាសហេតុកៈ ដែលសមគួរធ្វើឲ្យជាក់ច្បាស់នូវ មគ្គ និងផល ទើបពោលយ៉ាងនោះ ។ ព្រោះហេតុនោះ គប្បីជ្រាបថា ទ្រង់ កើតឡើងដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់សត្វ ទាំងនោះ ។ បុច្ឆាមាន ៥ យ៉ាង បទថា កតមោ ឯកបុគ្គលលោ មានបុច្ឆាដូច្នេះ ឈ្មោះថា បុច្ឆាមាន ៥ យ៉ាង គឺអទិដ្ឋជោតនាបុច្ឆា ១ ទិដ្ឋសំសន្ទនាបុច្ឆា ១ វិមតិឆេទនាបុច្ឆា ១ អនុមតិបុច្ឆា ១ កថេតុកម្យតាបុច្ឆា ១ ។ បណ្តាបុច្ឆា ៥ យ៉ាងនោះ មាន សេចក្តីផ្សេងគ្នាដូចតទៅនេះ អទិដ្ឋជោតនាបុច្ឆាដូចម្តេច លក្ខណៈតាមប្រក្រតី ជារបស់មិនដឹង មិន ទាន់ឃើញ មិនទាន់ថ្លឹងថ្លែងបាន មិនទាន់បានពិចារណា មិនទាន់ប្រាកដច្បាស់ មិនទាន់ជាក់ច្បាស់ បុគ្គលរមែងសួរបញ្ញាដើម្បីដឹង ដើម្បីឃើញ ដើម្បីថ្លឹង ថ្លែង ដើម្បីពិចារណា ដើម្បីឲ្យប្រាកដច្បាស់ ដើម្បីភាពជាក់ច្បាស់នៃលក្ខណៈ នោះ នេះឈ្មោះថា អទិដ្ឋជោតនាបុច្ឆា គឺសួរដើម្បីឲ្យជាក់ច្បាស់ក្នុងវត្ថុ ដែលខ្លួនមិនឃើញ ។ ទិដ្ឋសំសន្ទនាបុច្ឆាដូចម្តេច លក្ខណៈតាមប្រក្រតី ដែលបុគ្គលដឹង ហើយ ឃើញ ថ្លឹងថ្លែង ពិចារណា ប្រាកដច្បាស់ និងជាក់ច្បាស់ហើយ បុគ្គលតែងសួរបញ្ញា ដើម្បីផ្ទៀងផ្ទាត់នឹងបណ្ឌិតដទៃ នេះឈ្មោះថា ទិដ្ឋសំសន្ទនាបុច្ឆា គឺសួរដើម្បីប្រៀបធៀបវត្ថុដែលខ្លួនឃើញហើយ ។ វិមតិឆេទនាបុច្ឆាដូចម្តេច តាមប្រក្រតី បុគ្គលរមែងស្ទុះទៅកាន់សេចក្តី សង្ស័យ កើតសេចក្តីអល់អែកឡើងថា យ៉ាងនេះឬហ្ន៎ មិនមែនយ៉ាងនេះឬ ហ្ន៎ ជាអ្វីហ្ន៎ ដូចម្តេចហ្ន៎ ទើបសួរបញ្ញា ដើម្បីកាត់សេចក្តីសង្ស័យ នេះឈ្មោះ ថា វិមតិឆេទនាបុច្ឆា គឺសួរដើម្បីកាត់សេចក្តីងឿងឆ្ងល់ ។