អត្ថរបស់ អគ្គ សព្ទ

ក្បាលទី 25 · ទំព័រ 262

ក្នុងសូត្រទី ១ វគ្គទី ១ នៃឯតទគ្គៈវគ្គ គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅ បទថា ឯតទគ្គំ កាត់បទជា ឯតំ អគ្គំ ។ អគ្គ សព្ទនេះ ក្នុង បទថា ឯតទគ្គំ នោះ ប្រាកដក្នុងអត្ថថា ខាងដើម ខាងចុង ចំណែក និង ប្រសើរបំផុត ។ អគ្គ សព្ទ ប្រាកដក្នុងអត្ថថា ខាងដើម ដូចក្នុងប្រយោគ ជាដើមថា អជ្ជតគ្គេ សម្ម ទោវារិក អាវរាមិ ទ្វារំ និគន្ថានំ ម្នាលអ្នករក្សា ទ្វារជាសម្លាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំបិទទ្វារចំពោះពួកនិគ្រន្ថ ។ មកក្នុងអត្ថថា ខាងចុង ដូចក្នុងប្រយោគជាដើមថា តេនេវ អង្គុលគ្គេន តំ អង្គុលគ្គំ បរាមសេយ្យ ឧច្ឆុគ្គំ វេឡគ្គំ បុគ្គលស្ទាបអង្អែលចុងអំពៅ ចុងបឫស្សី ដោយម្រាមដៃនោះឯង ។ មកក្នុងអត្ថថា ចំណែក ដូចក្នុងប្រយោគជាដើមថា អម្ពិលគ្គំ វា មធុរគ្គំ វា តិត្តកគ្គំ វា អនុជានាមិ ភិក្ខវេ វិហារគ្គេន វា បរិវេណគ្គេន វា ភាជេតុំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរំលែកអំពីចំណែក របស់ដែលមានរសជូរ ដែលមានរសផ្អែម ឬរបស់ដែលមានរសល្វីង តាម ចំណែកវិហារ ឬតាមចំណែកបរិវេណ ។ មកក្នុងអត្ថថា ប្រសើរបំផុត ដូចក្នុងប្រយោគជាដើមថា យាវតា ភិក្ខវេ សត្តា អបទា វា ។ បេ ។ តថាគតោ តេសំ អគ្គមក្ខាយតិ ម្នាល ភិក្ខុទាំងឡាយ ពួកសត្វទាំងបុន្មាន ដែលជាសត្វមិនមានជើងក្តី ។ បេ ។ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ ។ ក្នុងទីនេះ អគ្គ សព្ទនេះ រមែងប្រើបាន ទាំងក្នុងអត្ថថា ចុង ទាំង ក្នុងអត្ថថា ប្រសើរបំផុត ។ ពិតហើយ ព្រះថេរៈទាំងនោះ ឈ្មោះថា អគ្គ ជាទីបំផុតខ្លះ ព្រោះប្រសើរបំផុតខ្លះ ក្នុងតំណែងដ៏ប្រសើរបំផុតរៀងៗ ខ្លួន ព្រោះដូច្នោះ អត្ថក្នុងបទថា ឯតទគ្គំ នេះ មានដូច្នេះថា នេះជាទីបំផ