អដ្ឋកថា លកុណ្តកភទ្ធិយៈ

ក្បាលទី 25 · ទំព័រ 367

ព្រះសាស្តា ទ្រង់ប្រមើលមើលក្នុងអនាគត ក៏ទ្រង់ឃើញការសម្រេច ទើបទ្រង់ព្យាករថា កម្មរបស់អ្នក នឹងសម្រេចក្នុងទីបំផុតនៃមួយសែនកប្បអំពីកប្បនេះ ព្រះពុទ្ធ ព្រះនាមគោតម ទ្រង់នឹងកើតឡើងក្នុងលោក អ្នកនឹងបានជាកំពូលនៃពួកភិក្ខុ ដែលមានសំឡេងពីរោះ ក្នុងសាសនារបស់ព្រះតថាគតអង្គនោះ ហើយ ទ្រង់យាងត្រឡប់ទៅកាន់ព្រះវិហារ ។ លោកបានព្យាករនោះហើយ ធ្វើសុចរិតកម្មដរាបអស់ជីវិត ។ ធ្វើកាលកិរិយាក្នុងអត្តភាពនោះហើយ អន្ទោលក្នុង ទេវតា និងមនុស្សទាំងឡាយ កាលព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សីកើតឡើង លោក ក៏កើតជាសត្វតាវៅ មានរោម និងស្លាបស្អាត ក្នុងខេមមិគទាយវ័ន ។ ថ្ងៃមួយ ទៅកាន់ហិមវន្តប្រទេស យកចំពុះពាំផ្លែស្វាយផ្អែមទុំមួយមក ឃើញ ព្រះសាស្តាមានភិក្ខុសង្ឃចោមរោម ថ្វាយបង្គំ ( ដោយស្លាបទាំងឡាយ ) ហើយគិតថា ក្នុងថ្ងៃដទៃអញមានខ្លួនទទេជួបព្រះតថាគត តែក្នុងថ្ងៃនេះ អញ នាំផ្លែស្វាយទុំនេះមកដើម្បីផ្ញើកូនរបស់អញ តែសម្រាប់កូននោះ អញទៅ យកផ្លែដទៃមកក៏បាន តែផ្លែស្វាយនេះ អញគួរថ្វាយព្រះទសពល ដូច្នេះ ទើបហើរសំកាំងក្នុងអាកាស ។ ព្រះសាស្តាទ្រង់ជ្រាបចិត្តរបស់សត្វ ទើប សម្លឹងមើលឧបដ្ឋាកព្រះនាមអសោកត្ថេរ ទើបព្រះថេរៈនាំបាត្រថ្វាយព្រះសាស្តា ។ សត្វតាវៅនាំយកផ្លែស្វាយទុំដាក់ក្នុងបាត្រ របស់ព្រះទសពល ។ ព្រះសាស្តាប្រថាប់គង់សោយក្នុងទីនោះឯង ។ សត្វតាវៅមានចិត្តជ្រះថ្លា នឹក ដល់ពុទ្ធគុណរបស់ព្រះទសពលរឿយៗ ថ្វាយបង្គំព្រះទសពលដោយស្លាប ហើយទៅកាន់សម្បុករបស់ខ្លួន សម្រាកសម្រាន្តនៅដោយសុខ និងបីតិ ៧ ថ្លៃ ។