មហាកច្ចានៈ
ប្រវត្តិ ព្រះមហាកច្ចាយនត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១០ ដូចតទៅនេះ បទថា សង្ខិត្តេន ភាសិតស្ស សេចក្តីថា នៃធម៌ដែលត្រាស់ដោយសង្ខេប ។ បទថា វិត្ថារេន អត្ថំ វិភជន្តានំ សេចក្តីថា ចែកអត្ថចេញ ធ្វើទេសនានោះឲ្យពិស្តារ ។ បាន ឮថា ពួកភិក្ខុដទៃ មិនអាចធ្វើព្រះតម្រាស់ដោយសង្ខេបនៃព្រះតថាគត ឲ្យ បរិបូណ៌ដោយអត្ថផង ដោយព្យញ្ជនៈផងបានឡើយ តែព្រះថេរៈនេះអាចធ្វើឲ្យ បរិបូណ៌បានទាំង ២ យ៉ាង ព្រោះដូច្នោះ ទើបលោកពោលថាជាកំពូល ។ សូម្បីសេចក្តីប្រាថ្នាអំពីមុនរបស់ព្រះថេរៈ ក៏ប្រាថ្នាតែម្យ៉ាងយ៉ាងនេះ ។ ម្យ៉ាងទៀត ក្នុងបញ្ញាកម្មរបស់ព្រះថេរៈនោះ មានរឿងដែលនឹងពោលតាមលំដាប់ ដូចតទៅនេះ បានឮថា កាលព្រះសម្មាសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះថេរៈនោះកើត ក្នុងត្រកូលគហបតីមហាសាល ចម្រើនវ័យហើយ ថ្ងៃមួយ ទៅវិហារតាមន័យ ដែលពោលហើយនោះឯង ឈរស្តាប់ធម៌ខាងក្រោយបរិស័ទ ឃើញភិក្ខុមួយ រូបដែលព្រះសាស្តាទ្រង់ស្ថាបនាក្នុងតំណែងជាកំពូលនៃពួកភិក្ខុ ដែលចែកអត្ថនៃ ព្រះតម្រាស់ ដែលទ្រង់ត្រាស់ដោយសង្ខេបឲ្យពិស្តារ ទើបគិតថា ភិក្ខុ ដែលព្រះសាស្តាទ្រង់សរសើរយ៉ាងនេះ ជាធំហ្ន៎ ក្នុងអនាគតកាល អញក៏គួរ មានសភាពដូចភិក្ខុអង្គនេះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ដូច្នេះ ។