អដ្ឋកថា សោណកុដិកណ្ណៈ

ក្បាលទី 25 · ទំព័រ 429

គ្រា នោះ ព្រះសាស្តាបានប្រទានសាធុការដល់លោក ព្រោះដូច្នោះ ទើបព្រះថេរៈ ឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលមានវាចាពីរោះ ។ បទថា សោណ ជា ឈ្មោះរបស់លោក តែដោយលោកទ្រទ្រង់នូវកុណ្ឌលដែលមានតម្លៃដល់មួយ កោដិ ព្រោះដូច្នោះ ទើបហៅថា កុដិកណ្ណ ដោយសេចក្តីថា ព្រះសោណៈ មានកុណ្ឌលតម្លៃមួយកោដិ ។ ក្នុងបញ្ញាកម្មរបស់លោក មានវត្ថុដែលគប្បី ពោលតាមលំដាប់ដូចតទៅនេះ ព្រះថេរៈនេះ ក្នុងពុទ្ធកាលព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ បានទៅ វិហារជាមួយមហាជនដោយន័យមុននោះឯង ឈរស្តាប់ធម៌ខាងចុងបរិស័ទ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងជាឯតទគ្គៈរបស់ពួកភិក្ខុ ដែលមានវាចាពីរោះ ទើបគិតថា ឯអាត្មាអញ គួរជាកំពូលនៃពួកភិក្ខុ ដែលមានវាចាពីរោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គឯណានីមួយ ក្នុងអនាគត ទើបនិមន្តព្រះទសពល ថ្វាយទានអស់ ៧ ថ្ងៃ បានធ្វើសេចក្តីប្រាថ្នាថា បពិត្រ ព្រះអង្គ ទ្រង់តាំងភិក្ខុណាទុកក្នុងតំណែងភិក្ខុមានវាចាពីរោះ កាលពី ៧ ថ្ងៃ មុន សូម្បីខ្ញុំព្រះអង្គគប្បីបានដូចភិក្ខុនោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គឯណា នីមួយក្នុងអនាគត ដោយផលនៃកុសលកម្មនេះ ។ ព្រះសាស្តាទ្រង់ឃើញថា មិនមានអន្តរាយសម្រាប់លោក ទើបទ្រង់ព្យាករថា អ្នកនឹងបានជាកំពូលនៃ ពួកភិក្ខុដែលមានវាចាពីរោះ ក្នុងសាសនារបស់ព្រះគោតមសម្ពុទ្ធ ក្នុង អនាគតកាល ហើយទ្រង់ត្រឡប់ទៅ ។ ឯលោកក៏ធ្វើកុសលកម្មរហូតដល់ អស់ជីវិត អន្ទោលទៅមកក្នុងទេវតា និងមនុស្សអស់មួយសែនកប្ប ចុតិអំពី ទេវលោក មកបដិសន្ធិក្នុងផ្ទៃនៃឧបាសិកាដែលជាមេផ្ទះ របស់ត្រកូលមួយ ឈ្មោះថា កាលិ មុនព្រះទសពលទ្រង់កើតឡើង នាងមានគភ៌គ្រប់ហើយ មកកាន់និវេសន៍នៃត្រកូលរបស់ខ្លួន ក្នុងក្រុង