វក្កលិ

ក្បាលទី 25 · ទំព័រ 446

ប្រវត្តិ ព្រះវក្កលិត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១០ ដូចតទៅនេះ ដោយបទថា សទ្ធាធិមុត្តានំ ទ្រង់សម្តែងថា ព្រះវក្កលិត្ថេរជាកំពូលនៃភិក្ខុដែលបង្អោនចិត្ត ដោយសទ្ធា មានសទ្ធាចាស់ក្លា ។ ពិតហើយ សទ្ធានៃបុគ្គលដទៃ មានតែធ្វើឲ្យ ចម្រើន ចំណែករបស់ព្រះថេរៈត្រូវស្រកចុះ ព្រោះដូច្នោះ ទើបព្រះថេរៈ នោះ ព្រះមានព្រះភាគត្រាស់ថា ជាកំពូលនៃពួកភិក្ខុ ដែលបង្អោនចិត្តទៅ ដោយសទ្ធា ។ ពាក្យថា វក្កលិ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ ក្នុងបញ្ញា កម្មរបស់ព្រះថេរៈនោះ មានរឿងដែលពោលតាមលំដាប់ដូចតទៅនេះ នឹងពោលដោយសង្ខេប ក្នុងអតីតកាល ក្នុងពុទ្ធុប្បាទព្រះបទុមុត្តរសម្ពុទ្ធ ព្រះថេរៈនេះទៅវិហារឈរស្តាប់ធម៌ខាងចុងបរិស័ទ ដោយន័យដែល ពោលហើយនោះឯង ។ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុង តំណែងជាកំពូលនៃពួកភិក្ខុ ដែលបង្អោនចិត្តទៅដោយសទ្ធា ទើបគិតថា សូម្បីអាត្មាអញ ក៏គួរជាបុគ្គលមានសភាពដូច្នេះ ក្នុងអនាគតកាល ទើប និមន្តព្រះសាស្តាដោយន័យដែលពោលហើយនោះឯង ថ្វាយមហាទានអស់ ៧ ថ្ងៃ ថ្វាយបង្គំព្រះទសពល ហើយធ្វើសេចក្តីប្រាថ្នាថា បពិត្រព្រះមានព្រះភាគ ដោយកុសលកម្មនេះ ខ្ញុំព្រះអង្គគប្បីបានជាកំពូលនៃពួកភិក្ខុដែលបង្អោនចិត្ត ទៅដោយសទ្ធា ក្នុងសាសនារបស់ព្រះសម្ពុទ្ធអង្គណាមួយ ក្នុងអនាគត ដូច ភិក្ខុដែលទ្រង់ស្ថាបនាក្នុងតំណែងឯតទគ្គៈ របស់ពួកភិក្ខុដែលបង្អោនចិត្តទៅ ដោយសទ្ធា ។