អដ្ឋកថា រាហុល

ក្បាលទី 25 · ទំព័រ 451

ប្រវត្តិ ព្រះរាហុលត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ វគ្គទី ៣ ដូចតទៅនេះ បទថា សិក្ខាកាមានំ សេចក្តីថា បុគ្គលប្រាថ្នា ដោយអត្ថថា ជាអ្នក ស្រឡាញ់ការសិក្សានូវសិក្ខា ៣ ។ ព្រះសាស្តាសម្តែងព្រះរាហុលដែលជា ឱរសរបស់ព្រះអង្គថា រាហុលោ បានឮថា ព្រះថេរៈក្រោកឡើងអំពីព្រលឹម តាំងអំពីថ្ងៃដែលបួសហើយ កើបខ្សាច់ពេញដៃប្រាថ្នាថាអស្ចារ្យហ្ន៎ អញគប្បី បានឱវាទ និងអនុសាសនីមានប្រមាណបុណ្ណេះ អំពីព្រះទសពល និងព្រះ ឧបជ្ឈាយ៍ ឬអាចារ្យទាំងឡាយក្នុងថ្ងៃនេះ ព្រោះដូច្នោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលប្រាថ្នាចំពោះការសិក្សា ។