កុណ្ឌធាន
ក្បាលទី 25 · ទំព័រ 465
ប្រវត្តិ ព្រះកោណ្ឌធានត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៣ ដូចតទៅនេះ បទថា បឋមំសលាកំ គណ្ញន្តានំ ព្រះសាស្តាទ្រង់សម្តែងថា ព្រះកោណ្ឌធានត្ថេរជាកំពូលនៃពួកភិក្ខុ ដែលចាប់ស្លាកបានមុនភិក្ខុដទៃ ។ បានឮមកថា ព្រះថេរៈនោះ កាលព្រះតថាគតយាងទៅឧគ្គនគរ ក្នុងថ្ងៃ នាងមហាសុភទ្ទានិមន្ត កាលភិក្ខុពោលថា ថ្ងៃនេះ ព្រះសាស្តាយាងភិក្ខាចារ ឆ្ងាយ ភិក្ខុបុថុជ្ជនកុំបីចាប់ស្លាកឡើយ ព្រះខីណាស្រព ៥០០ អង្គបុណ្ណោះ ចូរចាប់ ក៏បន្លឺសីហនាទ ចាប់ស្លាកបានទី ១ នោះឯង កាលព្រះតថាគត និមន្តទៅកាន់ក្រុងសាកេត ក្នុងថ្ងៃនាងចូឡសុភទ្ទានិមន្ត ក៏ចាប់ស្លាកបានទី ១ ដូចគ្នា ក្នុងរវាងភិក្ខុ ៥០០ រូប ។