វង្គីសៈ

ក្បាលទី 25 · ទំព័រ 474

ប្រវត្តិ ព្រះវង្គីសត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៤ ដូចតទៅនេះ បទថា បដិភាណវន្តានំ ព្រះមានព្រះភាគទ្រង់សម្តែងថា ព្រះវង្គីសៈ ជាកំពូលនៃពួកភិក្ខុដែល មានបដិភាណសម្បូរ បានឮថា ព្រះថេរៈនេះ កាលចូលទៅគាល់ព្រះទសពល តាំងអំពីគន្លងនៃចក្ខុ ក៏ពោលសរសើរគុណព្រះសាស្តា ឧបមាដូចព្រះចន្ទ ឧបមាដូចព្រះអាទិត្យ និងអាកាស និងមហាសមុទ្រ និងស្តេចដំរី និង ស្តេចសីហម្រឹគ ច្រើនរយច្រើនពាន់បទ ទើបចូលគាល់ ព្រោះដូច្នោះ ទើប លោកជាកំពូលរបស់ពួកភិក្ខុដែលមានបដិភាណ ។ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលនឹងពោលតាមលំដាប់ដូចតទៅនេះ បានឮថា កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះថេរៈរូបនេះ បដិសន្ធិ ក្នុងត្រកូលដែលមានភោគសម្បត្តិច្រើន ក្នុងក្រុងហង្សវតី ទៅកាន់វិហារស្តាប់ ធម៌ ដោយន័យមុននោះឯង ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូបទុកក្នុង តំណែងជាកំពូលនៃពួកភិក្ខុដែលមានបដិភាណ ទើបធ្វើកុសលកម្មដល់ព្រះសាស្តា ធ្វើសេចក្តីប្រាថ្នាថា ក្នុងអនាគតកាល ខ្ញុំព្រះអង្គគប្បីជាកំពូលនៃពួកភិក្ខុ ដែលមានបដិភាណ ជាបុគ្គលដែលព្រះសាស្តាទ្រង់ព្យាករ ហើយធ្វើកុសល ដរាបដល់អស់ជីវិត អន្ទោលក្នុងទេវតា និងមនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ ក៏មកកើតក្នុងត្រកូលព្រាហ្មណ៍ក្រុងសាវត្ថី ញាតិទាំងឡាយដាក់ឈ្មោះថា វង្គីសមាណព ។ លោកចម្រើនវ័យហើយ រៀនត្រៃវេទ ធ្វើឲ្យអាចារ្យឲ្យ ពេញចិត្ត ហើយសិក្សាមន្តឈ្មោះថា ឆវសីសមន្ត គឺមន្តដឹងក្បាលមនុស្ស