អដ្ឋកថា ឧបសេនវង្គន្តបុត្ត

ក្បាលទី 25 · ទំព័រ 480

ព្រះថេរៈនេះ មិន មែនជាអ្នកនាំសេចក្តីជ្រះថ្លាមកដោយខ្លួនឯងតែម្យ៉ាងបុណ្ណោះទេ សូម្បីបរិស័ទ របស់លោកក៏ជាអ្នកនាំសេចក្តីជ្រះថ្លាមកដែរ ដូច្នោះ ទើបលោកឈ្មោះថាជា កំពូលនៃពួកភិក្ខុ ដែលមានសេចក្តីជ្រះថ្លាមកដោយជុំវិញ ដោយអំណាចនៃ ឈ្មោះដែលបានព្រោះអាស្រ័យបរិស័ទ ក្នុងបញ្ញាកម្មរបស់លោក មានរឿង ដែលពោលតាមលំដាប់ដូចតទៅនេះ ព្រះថេរៈនេះកើតក្នុងត្រកូលមួយ នាក្រុងហង្សវតី ក្នុងបទុមុត្តរពុទ្ធុប្បាទ កាលចម្រើនវ័យហើយ ចូលគាល់ព្រះសាស្តា ស្តាប់ព្រះធម៌ដោយ ន័យមុននោះឯង ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូប ក្នុងតំណែងជា កំពូលនៃពួកភិក្ខុដែលនាំសេចក្តីជ្រះថ្លាមកជុំវិញ ធ្វើកុសលធម៌ក្រៃលែង ឡើងៗ ចំពោះព្រះសាស្តា ប្រាថ្នាតំណែងនោះ ធ្វើកុសលដរាបដល់អស់ ជីវិត វិលវល់ក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ បាន បដិសន្ធិក្នុងគភ៌នៃនាងសារីព្រាហ្មណី ពួកញាតិដាក់ឈ្មោះឲ្យលោកថា ឧបសេនទារក ។ ឧបសេនទារកចម្រើនវ័យហើយ រៀនត្រៃវេទ ស្តាប់ព្រះធម៌ ក្នុងសម្នាក់ព្រះសម្ពុទ្ធ បាននូវសទ្ធា បួសហើយ ។ លោកឧបសម្បទាបាន វស្សា គិតថា អាត្មាអញនឹងពង្រីកអាណាចក្ររបស់ព្រះអរិយៈ ទើបឲ្យ កុលបុត្រម្នាក់បព្វជ្ជាឧបសម្បទាក្នុងសម្នាក់របស់ខ្លួន លុះចេញវស្សាបវារណាហើយ ក្នុងវេលាដែលសទ្ធិវិហារិកមានវស្សា ១ វស្សា ខ្លួនឯង ២ វស្សា លោកគិតថា ព្រះទសពល ទ្រង់ឃើញអាត្មាអញហើយ នឹងត្រេកអរ ទើបនាំសទ្ធិវិហារិកមកគាល់ព្រះទសពល ។