អដ្ឋកថា មហាកោដ្ឋិតៈ

ក្បាលទី 25 · ទំព័រ 502

ប្រវត្តិ ព្រះមហាកោដ្ឋិកត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១០ ដូចតទៅនេះ ពាក្យថា បដិសម្ភិទប្បត្តានំ ទ្រង់សម្តែងថា ព្រះមហាកោដ្ឋិកត្ថេរ ជាកំពូលនៃពួកភិក្ខុសាវ័ក ដែលសម្រេចបដិសម្ភិទា ៤ ។ ពិតហើយ ព្រះថេរៈនេះ កាលចូលទៅរក ព្រះមហាសាវ័កដែលមានឈ្មោះល្បី សួរបញ្ញាក្តី ចូលទៅគាល់ព្រះទសពល ទូលសួរបញ្ញាក្តី រមែងសួរបញ្ញាក្នុងរឿងបដិសម្ភិទាទាំងឡាយបុណ្ណោះ ព្រោះ លោកជាអ្នកជំនាញក្នុងបដិសម្ភិទាទាំងឡាយ ដូច្នោះ ទើបលោកពោលថា ជាកំពូលនៃពួកភិក្ខុសាវ័ក ដែលបាននូវបដិសម្ភិទា ដោយអំណាចភាពជាអ្នក ជំនាញនេះ ។ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ ដូចតទៅនេះ សេចក្តីពិត ព្រះថេរៈនេះ កើតក្នុងត្រកូលមានភោគសម្បត្តិច្រើន ក្នុង ក្រុងហង្សវតី កាលព្រះពុទ្ធព្រះនាមថាបទុមុត្តរៈ ។ សម័យតមក កំពុងស្តាប់ ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុង តំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុជាសាវ័កខាងបដិសម្ភិទា ទើបធ្វើកុសលកម្មទុកឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ ធ្វើកុសលរហូតដល់អស់ ជីវិត អន្ទោលទៅមកក្នុងទេវតា និងមនុស្ស កើតក្នុងត្រកូលព្រាហ្មណ៍ នា ក្រុងសាវត្ថី ក្នុងពុទ្ធុប្បាទកាលនេះ ។ ពួកញាតិបានដាក់ឈ្មោះថា កោដ្ឋិតមាណព ។ មាណពចម្រើនវ័យហើយ រៀននូវវេទទាំង ៣ ថ្ងៃមួយ ស្តាប់ ធម្មកថារបស់ព្រះសាស្តា បាននូវសទ្ធាហើយ ក៏បួស ។ តាំងអំពីបួសហើយ លោកធ្វើកម្មក្នុងវិបស្សនា សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ ជាអ្នកជំនាញក្នុងបដិសម្ភិទាទាំងឡាយបុណ្ណោះ អស់កាលជានិច្ចក ាលសាកសួរបញ្ញា ក៏សួរក្នុងបដិសម្ភិទាទាំងឡាយបុណ្ណោះ ។