អដ្ឋកថា អានន្ទ
ម្យ៉ាងទៀត ការព្យាយាម រៀនសូត្រ ការព្យាយាមទន្ទេញ ការព្យាយាមក្នុង ការចងចាំ និងការព្យាយាមបម្រើព្រះសាស្តារបស់ព្រះអានន្ទនេះបុណ្ណោះ ដែលភិក្ខុដទៃៗ ប្រៀបមិនបាន ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជា កំពូលនៃពួកភិក្ខុសាវ័កដែលមានធិតិ ។ ម្យ៉ាងទៀត ព្រះអានន្ទនេះ កាល ឧបដ្ឋាកព្រះទសពល ក៏មិនឧបដ្ឋាកដោយការឧបដ្ឋាកដូចពួកភិក្ខុដែលឧបដ្ឋាក ដទៃៗ ព្រោះថា ភិក្ខុដទៃៗ កាលឧបដ្ឋាកព្រះតថាគត ក៏មិនបានយូរ ឧបដ្ឋាក ដោយទាញព្រះហបឫទ័យរបស់ព្រះសម្ពុទ្ធមិនបាន ។ ឯព្រះថេរៈរាប់តាំងអំពី ថ្ងៃដែលបានតំណែងជាឧបដ្ឋាក ក៏ជាអ្នកប្រារព្ធសេចក្តីព្យាយាមឧបដ្ឋាកទាញ ព្រះហបឫទ័យរបស់ព្រះមុនីបាន ព្រោះហេតុនេះ ទើបលោកឈ្មោះថា ជា កំពូលនៃពួកភិក្ខុសាវ័កខាងឧបដ្ឋាក ។ ក្នុងបញ្ញាកម្មរបស់លោក មានអនុសន្ធិដូចតទៅនេះ បានឮថា ក្នុងកប្បចុងក្រោយ មួយសែនកប្បអំពីកប្បនេះទៅ ព្រះ សម្ពុទ្ធព្រះនាមបទុមុត្តរៈ កើតឡើងក្នុងលោក ទ្រង់មាននគរឈ្មោះហង្សវតី មានព្រះរាជបិតាព្រះនាមនន្ទៈ ព្រះរាជមាតាជាព្រះទេវីព្រះនាមសុមេធា មាន ព្រះពោធិសត្វព្រះនាមឧត្តរកុមារ ។ ព្រះអង្គចេញអភិន្រេស្កមណ៍ ទ្រង់ព្រះផ្នួស ក្នុងថ្ងៃព្រះរាជឱរសប្រសូត ទ្រង់ប្រកបព្យាយាមរឿយៗ ហើយទ្រង់ សម្រេចសព្វញ្ញុតញ្ញាណតាមលំដាប់ ទ្រង់បន្លឺព្រះពុទ្ធឧទានថា អនេកជាតិសំសារំ ជាដើម ប្រថាប់នៅលើពោធិបល្ល័ង្កអស់ ៧ ថ្ងៃ ទ្រង់ដាក់ព្រះបាទ លើផែនដីដោយបំណង យាងទៅ គ្រានោះ ផ្កាឈូកមានទំហំដូចបានពោល ហើយខាងដើម ទម្លុះផែនដីទទួល ព្រោះសំដៅដល់ផ្កាឈូកនោះ ទើបព្រះមាន ព្រះភាគ ប្រាកដនាមថា បទុមុត្តរៈនោះឯង ។