ឧរុវេលកស្សបៈ
ក្បាលទី 25 · ទំព័រ 520
ប្រវត្តិ ព្រះឧរុវេលកស្សបត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ២ ដូចតទៅនេះ បទថា មហាបរិសានំ លោកសម្តែងថា ព្រះឧរុវេលកស្សបៈ ជាកំពូលនៃពួកភិក្ខុសាវ័ក មានបរិវារ ច្រើន ។ ពិតហើយ ព្រះថេរៈដទៃៗ ជួនកាល ក៏មានបរិវារច្រើន ជួនកាល ក៏មានបរិវារតិច ចំណែកព្រះថេរៈនេះ និងប្អូនប្រុសទាំង ២ មានបរិវារប្រចាំ ជាសមណៈដល់ទៅ ១០០០ រូប បណ្តាជដិលភិក្ខុ ៣ រូបនោះ កាលមួយ រូបឲ្យបព្វជ្ជាម្តងមួយរូប ក៏បានសមណៈ ២០០០ រូប បើឲ្យបព្វជ្ជាមួយអង្គ ២ រូប ក៏បានសមណៈ ៣០០០ រូប ព្រោះដូច្នោះ ទើបឧរុវេលកស្សបជា កំពូលនៃពួកភិក្ខុសាវ័ក ដែលមានបរិវារច្រើន ។