កាឡុទាយិ
ប្រវត្តិ ព្រះកាឡុទាយិត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៣ ដូចតទៅនេះ បទថា កុលប្បសាទកានំ បានដល់ ធ្វើត្រកូលឲ្យជ្រះថ្លា ។ ពិតហើយ ព្រះថេរៈនេះធ្វើរាជនិវេសន៍របស់ព្រះបាទសុទ្ធោទនមហារាជ ដែលមិនទាន់ជួបព្រះពុទ្ធបុណ្ណោះ ឲ្យជ្រះថ្លា ព្រោះហេតុនោះ ទើបលោកជាកំពូលនៃពួកភិក្ខុសាវ័កដែលធ្វើ ត្រកូលឲ្យជ្រះថ្លា ក្នុងបញ្ញាកម្មរបស់លោក មានរឿងពោលតាមលំដាប់ដូច្នេះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះថេរៈនេះកើតក្នុងត្រកូលមួយ នា ក្រុងហង្សវតី កំពុងស្តាប់ធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូបទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃភិក្ខុសាវ័ក ដែល ធ្វើត្រកូលឲ្យជ្រះថ្លា ទើបធ្វើកុសលកម្មឲ្យក្រៃលែងឡើង ហើយប្រាថ្នានូវ តំណែងនោះ លោកធ្វើកុសលដរាបដល់អស់ជីវិត វិលវល់ក្នុងទេវតា និង មនុស្សទាំងឡាយ បដិសន្ធិក្នុងផ្ទះរបស់អមាត្យ នាក្រុងកបិលពស្តុ ក្នុងថ្ងៃ ដែលព្រះពោធិសត្វនៃយើង ទ្រង់បដិសន្ធិក្នុងគភ៌នៃព្រះមាតា ក្នុងថ្ងៃកើត ក៏ កើតដំណាលគ្នានឹងព្រះពោធិសត្វនោះឯង ក្នុងថ្ងៃនោះ ញាតិទាំងឡាយ ក៏ឲ្យ ដេកលើកែប គឺសំពត់ ហើយនាំទៅថ្វាយខ្លួន ដើម្បីបម្រើព្រះពោធិសត្វ ។