អដ្ឋកថា ពក្កុលៈ
សម័យនោះ ព្រះអនោមទស្សីពោធិសត្វសម្រេច សព្វញ្ញុតញ្ញាណ មានពួកព្រះអរិយៈចោមរោម ហើយយាងចារិកទៅ ។ តាបសបានឮថា រតនៈ ៣ កើតឡើងហើយ ទើបទៅកាន់សម្នាក់ព្រះសាស្តា ស្តាប់ធម៌ ចប់ទេសនា ក៏តាំងនៅក្នុងសរណៈ តែមិនអាចលះឋានៈ គឺភេទ របស់ខ្លួនបាន ។ លោកទៅគាល់ព្រះសាស្តា និងស្តាប់ធម៌ម្តងម្កាល ។ គ្រាម ួយ ព្រះតថាគតកើតរោគខ្យល់ក្នុងព្រះឧទរ ។ តាបសមកដើម្បីគាល់ព្រះសាស្តា ដឹងថា ព្រះសាស្តាប្រឈួន ទើបសួរថា បពិត្រព្រះអង្គ ទ្រង់ប្រឈួន រោគអ្វី កាលភិក្ខុទាំងឡាយពោលថា រោគខ្យល់ក្នុងព្រះឧទរ ទើបគិតថា នេះជាកាលដែលអញត្រូវបំពេញបុណ្យ ទើបទៅកាន់ជើងភ្នំ ផ្សំថ្នាំផ្សេងៗ ហើយប្រគេនព្រះថេរៈដែលជាអ្នកឧបដ្ឋាក ដោយពោលថា សូមលោកម្ចាស់ ថ្វាយថ្នាំនេះដល់ព្រះសាស្តា រោគខ្យល់ក្នុងព្រះឧទរក៏ស្ងប់ មួយអន្លើដោយ ការប្រើថ្នាំ ។ តាបសនោះទៅគាល់ក្នុងកាលដែលព្រះសាស្តា ទ្រង់ជាសះ ស្បើយ ទូលយ៉ាងនេះថា សេចក្តីផាសុកកើតដល់ព្រះតថាគត ព្រោះថ្នាំ របស់ខ្ញុំព្រះអង្គនេះ យ៉ាងណា ដោយផលនៃការថ្វាយថ្នាំរបស់ខ្ញុំព្រះអង្គនោះ សូមជំងឺតម្កាត់ក្នុងសរីរៈ សូម្បីត្រឹមតែការដកសក់ ក៏សូមកុំបីមានក្នុងភព ដែលខ្ញុំព្រះអង្គកើតហើយ ។ នេះជាកល្យាណកម្ម ក្នុងអត្តភាពនោះរបស់ លោក ។ លោកចុតិអំពីភពនោះ កើតក្នុងព្រហ្មលោក អន្ទោលទៅមកក្នុង ទេវតានិ ងមនុស្សអស់មួយអសង្ខេយ្យ ក្នុងកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ បដិសន្ធិក្នុងត្រកូលមួយ នាក្រុងហង្សវតី ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយ រូប ក្នុងតំណែងឯតទគ្គៈ គឺជាកំពូលនៃពួកភិក្ខុសាវ័ក ដែលមានអាពាធតិច ធ្វើកុសលកម្មក្រៃលែងឡើងទៅ ក៏ប្រាថ្នាតំណែងនោះ ។