អដ្ឋកថា ឧបាលិ

ក្បាលទី 25 · ទំព័រ 539

លោកជាអ្នកតាក់តែងព្រះកាយរបស់ក្សត្រទាំង ៦ អង្គ ។ កាលព្រះតថាគតប្រថាប់នៅត្រង់អនុបិយអម្ពវ័ន ចេញបួស មួយ អន្លើជាមួយក្សត្រ ៦ អង្គ ដែលកំពុងចេញសាងព្រះផ្នួស ។ ឯការចេញ បព្វជ្ជារបស់លោក មកហើយក្នុងព្រះបាលី ។ លោកបព្វជ្ជាឧបសម្បទា ហើយ សូមឲ្យព្រះតថាគតប្រៀនប្រដៅកម្មដ្ឋាន ក្រាបទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គនៅព្រៃចុះ ។ ព្រះសាស្តាត្រាស់ ថា ម្នាលភិក្ខុ បើអ្នកនៅព្រៃ នឹងចម្រើនតែធុរៈតែម្យ៉ាង តែបើអ្នកនៅក្នុង សម្នាក់តថាគត វាសធុរៈ គឺការអប់រំ គន្ថធុរៈ គឺការរៀនសូត្រ ក៏នឹង បរិបូណ៌ ។ ព្រះថេរៈទទួលព្រះតម្រាស់របស់ព្រះសាស្តាហើយ ចម្រើន វិបស្សនា មិនយូរបុន្មានក៏សម្រេចអរហត្ត គ្រានោះ ព្រះសាស្តាទ្រង់ឲ្យលោក រៀនព្រះវិនយបិដកទាំងអស់ ដោយព្រះអង្គឯង ។ ចំណេរកាលតមក លោក វិនិច្ឆ័យក្តី ៣ រឿង ដែលពោលហើយខាងដើម ព្រះសាស្តាប្រទានសាធុការទទួល យល់ព្រមក្នុងរឿងនីមួយៗ ដែលលោកវិនិច្ឆ័យហើយ ធ្វើរឿងទាំង ៣ ដែលលោកវិនិច្ឆ័យហើយ ឲ្យជាអត្ថុប្បត្តិហេតុ ទើបទ្រង់ស្ថាបនាព្រះថេរៈក្នុង តំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុសាវ័ក ដែលទ្រទ្រង់វិន័យ ដូច្នេះ ។