នន្ទៈ

ក្បាលទី 25 · ទំព័រ 544

ប្រវត្តិ ព្រះនន្ទត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៨ ដូចតទៅនេះ បទថា ឥន្ទ្រិយេសុ គុត្តទ្វារានំ លោកសម្តែងថា ព្រះនន្ទត្ថេរ ជាកំពូលនៃពួកភិក្ខុដែលជាសាវ័ក ខាងគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ ៦ ។ សេចក្តីពិត សាវ័កទាំងឡាយរបស់ព្រះសាស្តា ឈ្មោះថា មិនគ្រប់គ្រងទ្វារ មិនមាន តែព្រះនន្ទ សម្លឹងមើលទិស ណាមួយ ក្នុងទិសទាំង ១០ មិនមែនសម្លឹងមើលទិសនោះៗ ដោយប្រាសចាក សតិសម្បជញ្ញៈទេ ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកសាវ័ក ដែលគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ក្នុងបញ្ញាកម្មរបស់លោក មានអនុសន្ធិដូចតទៅនេះថា ព្រះថេរៈ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ លោកបដិសន្ធិក្នុងត្រកូល មួយ នាក្រុងហង្សវតី ចម្រើនវ័យហើយ កំពុងស្តាប់ធម៌ក្នុងសម្នាក់ព្រះមុនី ឃើញព្រះសម្ពុទ្ធទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ នៃពួកភិក្ខុ សាវ័ក ខាងគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ទើបធ្វើកុសលឲ្យក្រៃលែង ឡើង ប្រាថ្នាតំណែងនោះ ។