អដ្ឋកថា សាគតៈ
ប្រវត្តិ ព្រះសាគតត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី១០ ដូចតទៅនេះ បទថា តេជោធាតុកុសលានំ លោកសម្តែងថា ព្រះសាគតត្ថេរជាកំពូលនៃពួកភិក្ខុសាវ័ក អ្នកឈ្លាស ក្នុងតេជោធាតុ សេចក្តីពិត ព្រះថេរៈនេះ ប្រើតេជះគ្របសង្កត់តេជះ របស់នាគ ឈ្មោះអម្ពតិដ្ឋៈ ធ្វើឲ្យអស់ព្យសន៍កំណាច ព្រោះហេតុនោះ ទើប លោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុសាវ័កដែលឈ្លាសក្នុងតេជោធាតុ ក្នុង បញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ ដូច្នេះថា ព្រះថេរៈរូបនេះ ក្នុងពុទ្ធកាលព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ បដិសន្ធិក្នុងត្រកូល នាក្រុងហង្សវតី ។ បន្ទាប់មក កំពុងស្តាប់ធម្មទេសនារបស់ ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុសាវ័ក ដែលឈ្លាសក្នុងតេជោធាតុ ទើបធ្វើកុសលកម្មដ៏ធំ ប្រាថ្នាតំណែងនោះ ។ បុរសនោះធ្វើកុសលដរាបដល់អស់ជីវិត វិលវល់នៅក្នុង ទេវតា និងមនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុង ក្រុងសាវត្ថី មាតាបិតាដាក់ឈ្មោះថា សាគតមាណព ។ បន្ទាប់មក សាគតមាណពនោះ ស្តាប់ធម៌របស់ព្រះសាស្តាបាននូវសទ្ធា ទើបបួស ធ្វើសមាបត្តិ ៨ ឲ្យកើតហើយ សម្រេចភាពជាអ្នកជំនាញក្នុងសមាបត្តិនោះ ។ បន្ទាប់មក ព្រះសាស្តាយាងចារិកទៅ បានទៅដល់ទីជិតក្រុងកោសម្ពី ។ សម័យនោះ បុគ្គលដែលមក ដែលទៅជាច្រើន ដែលជាសត្រូវរបស់នាយទូកចាស់ ត្រង់ កំពង់ទឹក វាយនាយទូកនោះស្លាប់ ។ នាយទូកនោះ តាំងសេចក្តីប្រាថ្នាទាំង ចិត្តថ្នាំងថ្នាក់ កើតជានាគរាជ មានអានុភាពច្រើន ត្រង់កំពង់នោះឯង ព្រោះ មានចិត្តថ្នាំងថ្នាក់ ។