មោឃរាជ
ក្បាលទី 25 · ទំព័រ 567
ប្រវត្តិ ព្រះមោឃរាជត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១២ ដូចតទៅនេះ បទថា លូខចីវរធរានំ លោកសម្តែងថា ព្រះមោឃរាជជាកំពូលនៃពួកភិក្ខុដែលជាសាវ័ក ទ្រទ្រង់ ចីវរសៅហ្មង ។ ពិតហើយ ព្រះថេរៈអង្គនេះ ទ្រទ្រង់សំពត់បង្សុកូលចីវរ ដែលប្រកបដោយការសៅហ្មង ៣ យ៉ាង គឺសៅហ្មងដោយសំពត់ ១ សៅហ្មងដោយអំបោះ ១ សៅហ្មងដោយគ្រឿងជ្រលក់ ១ ព្រោះហេតុនោះ ទើបលោកជាកំពូលនៃពួកភិក្ខុសាវ័ក ដែលទ្រទ្រង់ចីវរសៅហ្មង ។ ក្នុង បញ្ញាកម្មរបស់លោក មានអនុសន្ធិដូចតទៅនេះថា ព្រះមោឃរាជនេះ ក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ បដិសន្ធិ ក្នុងត្រកូលមួយ នាក្រុងហង្សវតី បន្ទាប់អំពីនោះ កំពុងស្តាប់ធម្មកថារបស់ ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងជា កំពូលនៃពួកភិក្ខុសាវ័កខាងទ្រទ្រង់ចីវរសៅហ្មង ក៏ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។